ចែករំលែក

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ឃើញប្រពន្ធទើបនឹងសម្រាលកូន ក៏បើកម៉ូតូទៅទិញក្បាលជ្រូកមក​រៀប​ចំពិធីទម្លាក់ចង្ក្រានតាមទំនៀមទម្លាប់ ស្រាប់តែជួយនឹងគ្រោះអកុសល ជិះម៉ូតូបុកគោយន្ត ដួលបោកក្បាលនឹងដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលចរាចរក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឡុក ប៉ោល អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ធីរ៉ា ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមានកូនស្រីម្នាក់ ទើបនឹងសម្រាលបាន៥ថ្ងៃ និងមានលំនៅក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា កាលពី៥ថ្ងៃមុន ប្រពន្ធរបស់ជនរងគ្រោះទើបនឹងសម្រាលបានកូនស្រីម្នាក់។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេក ហើយរួតរះជិះម៉ូតូទៅរក​ទិញក្បាលជ្រូកយកមកធ្វើពិធីទម្លាក់ចង្ក្រានកូនតាមប្រពៃណី ស្រាប់តែជួបគ្រោះអកុសល ជ្រុលទៅបុកពីក្រោយគោយន្ត បណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័ម។ ដោយឡែកអ្នកបើកគោយន្ត គឺមិនទាន់មានអ្នក​ស្គាល់ពីអត្តសញ្ញាណនោះទេ ពីព្រោះគេបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ​ និងធ្វើកោសល្យវិច័យ រួចហើយធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះជូនក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។