ភ្នំពេញ៖ បើ​តាម​កាលបរិច្ឆេទ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​ផ្លូវការ ​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ​ ប៉ុន្តែដោយសារមាន​គណបក្សនយោបាយខ្លះបានដាក់​បណ្តឹង​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ទើបគ.ជ.បសម្រេចផ្អាកនូវការប្រកាសលទ្ធផលនោះសិន​។​

នៅក្នុងចំណោមគណបក្សនយោបាយទាំង២០ដែលបានចូលរួម នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ដ្រ នាអាណត្តិតី៦នេះ គឺគណបក្ស​យុវជន​កម្ពុជា​ ដោយដឹកនាំដោយលោក ពេជ្រ ស្រស់ បានដាក់ពាក្យ​បណ្ដឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនគេ គឺនៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ នេះ​​។

លោកប្រធានគណបក្ស​យុវជន​កម្ពុជា​ បាន​សរសេរ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករបស់ខ្លួនថា មូលហេតុ​ដែល​លោកបានដាក់​បណ្តឹងនោះ គឺ​ដោយសារតែ​លទ្ធផល​ប​ណ្ដោះ​អាសន្ន ដែល​គ​.​ជ​.​ប ទើបនឹង​ប្រកាស ហាក់ដូចជា​មិនទាន់មាន​លក្ខណៈ​ត្រឹមត្រូវ​នៅឡើយ​។

​ដោយឡែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) បានប្រាក់ដល់អ្នកសារព័ត៌មាន​ថា ក្រៅពី​គណបក្ស​យុ​ជនកម្ពុជា គ​.​ជ​.​ប ពុំទាន់​ឃើញ​មាន​គណបក្ស​ណា​ផ្សេង ដាក់​បណ្តឹង​នោះទេ​។ ដូច្នេះ គ​.​ជ​.​ប ត្រូវ​ពិនិត្យ​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​សម្រេច​ថា ត្រូវ​រាប់​សន្លឹកឆ្នោត​ឡើងវិញ តាម​បណ្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា ឬ​មិន​រាប់​។ លោកបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ពិនិត្យមើល​សិន មិនមែន​ចេះតែ​ធ្វើតាម​ការស្នើសុំ​នោះទេ​»​។

​អ្នកនាំពាក្យ​រូបនេះ បានបន្តថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) មាន​រយៈពេល​១០​ថ្ងៃ ក្នុងការ​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​។ ប៉ុន្តែក្រោយការ​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​រួចទើប​គ​.​ជ​.​ប អាច​ប្រកាស​លទ្ធផល​ផ្លូ​រការ ​នៃ​ការបោះឆ្នោត​។ ​ដូច្នេះ​​ក្នុង​រយៈពេល​១០​ថ្ងៃនេះ គ​.​ជ​.​ប ត្រូវតែមាន​ដំណោះស្រាយ​លើ​បណ្តឹង​របស់​គណបក្ស​។​

សូមបញ្ជាក់ថា ​នីតិវិធី នៃការប្រកាស​លទ្ធផល​បោះឆ្នោត មាន​បី​ដំណាក់កាល គឺ​លទ្ធផល​បឋម លទ្ធផល​បណ្តោះអាសន្ន និង​លទ្ធផល​ផ្លូវការ​។ លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន ត្រូវបាន ប្រកាស​រួចរាល់​អស់ហើយ​។ ​តួលេខ ​នៃ​លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន ខុសគ្នា​តិចតួច​ប៉ុណ្ណោះ​។

លទ្ធផល​ទាំង​ពីរលើក​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សន្លឹកឆ្នោត​ជាង៤,៨​លាន​នាក់​ ឬ​ស្មើនឹង​ជាង​៧៦​ភាគរយ​។ ដូច្នេះគេអាចសន្និដ្ឋាន​ជាមុន​ថា ក្នុងចំណោម​គណបក្ស​ទាំង​២០ ដែល​ចូលរួម​ប្រកួតប្រជែង នៅ​ក្នុងការ​បោះឆ្នោត​លើក​នេះ ប្រហែលជា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែលមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​៕