ភ្នំពេញ៖​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ កាលពីម្សិលមិញនេះ បានសម្រេច​តែងតាំង​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន ​លោក Keisuke HONDA ធ្វើជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា។

លោក Keisuke HONDA បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ នៅក្នុង​ស​ន្និសីទ​កាសែត​មួយ ដែល​រៀបចំឡើង​​ ដោយ​​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ព្រឹក ថ្ងៃទី១២ ខែសីហា​ ម្សិល​មិញ​នេះ ហើយសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​បញ្ជាក់ថា កីឡាករ HONDA មក​ធ្វើជា​គ្រូបង្វឹក​ថ្មី​របស់ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត ដោយលោកមិន​យក​ប្រាក់ខែ​នោះឡើយ។

លោក​ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​នូវការរីករាយ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​របស់កីឡាករ ​Keisuke HONDA ដែល​​សុខចិត្ត​មក​បង្ហា​ត់ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​យកប្រាក់​កម្រៃ។

លោក ​សៅ សុខា បាន​អះអាង​​ថា ទោះជាយ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ធានារ៉ាប់រង​រាល់​ការចំណាយ​លើ​ការធ្វើដំណើរ ស្នាក់នៅ និង​ការធ្វើ​កិច្ចការ​នានា​ នៅក្នុង​ប្រទេស​កម្ពុជាដល់​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​ជប៉ុន​រូបនេះ។ វត្តមាន​របស់លោក Keisuke HONDA នាពេលនេះ​នឹង​ចូលរួមចំណែក​គាំទ្រ និង​ជួយ​​អភិវឌ្ឍដល់​វិស័យ​បាល់ទាត់ ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ​Honda បានឲ្យដឹងតាមរយៈ​អ្នកបកប្រែ​​ថា លោកមានគោលបំណង​ចង់​ជួយ​ដល់​បាល់ក្រុមទាត់​កម្ពុជា​ឲ្យ​ក្លាយជា​ការពិត។ នៅ​ពីមុខ​អ្នកកាសែត​ជាច្រើន លោក​Honda បាន​បញ្ជាក់ថា ចំពោះ​វិស័យ​បាល់ទាត់​កម្ពុជា លោក​មាន​បេសកកម្ម​ពីរ​នៅ​ចំពោះមុខ គឺ​ទីមួយ លោក​នឹង​បង្កើត​របៀប​លេង​ថ្មី​ដែលជា​របស់​កម្ពុជា ហើយ​វា​នឹង​ចាប់​ផ្តើមចេញ​ក្រុម​ជម្រើសជាតិ និង​ទៅកាន់​ក្លឹប​បាល់ទាត់​នានា​ នៅក្នុងស្រុក។ រីឯ​បេសកម្ម​ទី​ពីរ គឺ​លោក​នឹង​ជួយ​ផ្សព្វផ្សាយ​នូវ​អ្វីដែលល្អៗ ដូចជា ​វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ​​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។

កីឡាករ Keisuke HONDA បាន​អះអាងថា កាលពីមុន លោក​នឹងមិន​បាន​ចុះ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បាន​ច្រើន​ទេ ពីព្រោះមានការ​រ​វល់​ច្រើន។ ប៉ុន្តែ​រូបគេ​នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​សប្តាហ៍​ម្តង ​តាមរយៈ​វីដេអូ Conference ជាមួយ​ក្រុមការងារ​នៅ​កម្ពុជា។ ក្រោយពេល​កាន់តំណែង​ជា​គ្រូធំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ Keisuke HONDA នឹងត្រូវ​ដឹកនាំ​ក្រុម​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup នៅ​ខែវិច្ឆិកា​ខាងមុខនេះ នៅក្នុង​ប្រទេស​ឡាវ។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិត ក្នុង​ពូ​ល A ហើយនឹងត្រូវ​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឡាវ វៀតណាម ម៉ាឡេស៊ី និង មី​យ៉ាន់​ម៉ា។

គួររំឭកថា កីឡាការមាន​វ័យ៣២ឆ្នាំ Keisuke HONDA កំពុងតែ​លេង​ឲ្យ​ក្លឹប Melbourne Victory នៅក្នុង​ប្រទេស​អូស្ត្រាលី។ តាំងពី​ឆ្នាំ២០០៤មកដល់​ឆ្នាំ២០១៨នេះ កីឡាករ HONDA ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅក្នុង​ប្រទេស​ជប៉ុន ក្លឹប​នៅ​ហូ​ឡង់ រុស្ស៊ី អ៊ីតាលី និង​ចុងក្រោយ​នៅ​ម៉ិ​ក​ស៊ិ​ក។ សម្រាប់​ប្រទេស​កម្ពុជា​វិញ កីឡាករ​បាល់ទាត់​រូបនេះ បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ក្លឹប​បាល់ទាត់ Soltilo Angkor FC ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប និង​កំពុង​លេង​នៅ​លី​គ​កំពូល​កម្ពុជា។ Keisuke HONDA ក៏​ធ្លាប់​ចូលរួម​ប្រយុទ្ធ​លើ​វាលស្មៅ​ នៅកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ តទល់​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ម្តង​ដែរ ​កាលពី​ឆ្នាំ២០១៥៕