ចែករំលែក

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តឡិចស៊ីសRX300ក្នុងល្បឿនយ៉ាងលឿនដូចហោះ មកពីស្តុបDNហើយបត់ឆ្វេងទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យ ដួលរងរបួសធ្ងន់២នាក់ និងស្លាប់អ្នកបើកម៉ូតូ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ១៦៩ នៅចំណុចស្តុបណាជីង ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពិន ពឿង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅម្តុំទួលសង្កែ មានស្រុកកំណើតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកគគរ ខេត្តពោធិ៍សាត់ ។
សាក្សីដែលគេឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ រួមនឹងស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-6947 បើកបរតាមបណ្តោយផ្លូវ១៦៩ក្នុងទិសដៅពីជើងទៅត្បូង ។

ខណៈពេលបើកឆ្លងស្តុបណាជីង រួចក៏ស្រាប់តែមានបុរសម្នាក់ទៀត ស្រវឹងស្រាជោកជាំបើករថយន្តបង្កមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0830 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតបើកក្នុងល្បឿនយ៉ាងលឿន ហើយបត់ឆ្វេងមិនបានប្រយ័ត្នក៏ជ្រុលបុកគូទម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់២នាក់ស្រីដែលអង្គុយពីក្រោយ រីឯបុរសដែលជាអ្នកបើកបរម៉ូតូខាងលើនេះបានស្លាប់ក្រោយពេលដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ចំនែកឯម៉ូតូរបស់ជនរងគ្រោះវិញខូចខាតបាក់ស្តុបខាងស្តាំហើយរថយន្តបង្កវិញខូចខាងបាក់កញ្ចក់ខាងស្តាំនិងខ្ទេចអស់មួយជំហៀងខាងស្តាំផ្នែកខាងមុខបើកតាមប្រជាពលរដ្ឋនៅម្តុំនោះគាត់ថាឃើញម៉ូតូនិងរថយន្តបើកស្របទិសដៅគ្នាពី១៦៩ហើយរថយន្តបុកពីក្រោយតែម្តង ។

ក្រោយពេលកើតហេតុ សពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចឱ្យរថយន្តដឹកសពយកទៅតំកល់នៅវត្តទួលសង្កែ រីឯរថយន្តនិងម៉ូតូវិញត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕