ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​បាន​ក្រុម​កម្លាំង​ជំនាញ​យក​មក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ បន្ទាប់​ពី​បាន Hack ចូល​គ្រប់គ្រង​តាំងពី​ម៉ោង​១១​និង​១៦​នាទី​ថ្ងៃ​សុក្រ​នេះ (​គ្រប់គ្រង​បាន​ជាង​២​ម៉ោង​) ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ ។ ការ​ដែល​យក​មក​គ្រប់គ្រង​វិញ​បាន ដោយសារ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ក្រុមហ៊ុន Facebook ផ្ទាល់​តែ​ម្តង ហើយ​នៅ​ពេល​នេះ​កម្លាំង​ជំនាញ​បាន​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ហើយ ក្នុង​នោះ​គឺ​ជន​ទុច្ចរិត គឺ​មាន​និន្នាការ​ប្រឆាំង ដែល​អ្នកខ្លះ​កំពុង​លាក់ខ្លួន​នៅ​ក្រៅប្រទេស ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​ជនអនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង (Hack) អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។

ក្រោយ​ពី Hack បាន​ភ្លាម​ៗ ក្រុម​អនាមិក​បាន​បង្ហោះ​ព័ត៌មាន​បំភាន់​សាធារណជន​អំពី​ការ​បែងចែក​អាសនៈ ដែល​គណបក្ស​ប្រជាជន នឹង​ទទួល​បាន ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។ ជាមួយ​នោះ​ក្រុម Hacker បាន​លុប​ចោល​នូវ​ព័ត៌មាន​មួយ​ចំនួន​ចេញពី Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ​ ៕