ចែករំលែក

ខេត្តកំពង់ឆ្នាំង៖ រថយន្ដដឹកទឹកកកមួយគ្រឿង​​ បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងដាច់ជាពីរកំណាត់ បណ្ដាលឲ្យមនុស្ស២នាក់កៀបជាប់ពីក្រោមរថយន្តស្លាប់យ៉ាងអណោច​អធ័ម​ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៨ នៅតាមផ្លូវកៅស៊ូ ក្បែររោងចក្រលោកតាបារាំង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

មន្រ្ដីនគរបាលចរាចរក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ ទី១-ឈ្មោះ អ៊ុក សុភត្រា ភេទប្រុស អាយុ១៩ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅភូមិ មុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទី២-ឈ្មោះ ប៉ិច ចាន់ស៊ីន ភេទប្រុស អាយុ១៦ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី៣-ឈ្មោះ អ៊ូ សីលា ភេទប្រុស រងរបួសធ្ងន់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 2G-5214 បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវក្រាលកៅស៊ូ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយនឹងមនុស្ស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-9689។

លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកម៉ូតូពេញទំហឹង ដាច់ជាពីរកំណាត់ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាម២មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបររថយន្តបង្ក​បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ រួចហើយធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យសច់ញាតិដឹកទៅរៀបចំធ្វើបុណ្យ​តាមប្រពៃណី។ ដោយឡែកយានយន្តពាក់ព័ន្ធ ត្រូវសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕