ភ្នំពេញ៖ បុរសម្នាក់បានលង់នឹងសម្រស់របស់ស្រីម្នាក់ រហូតអត់ទ្រាំពុំបាន​ ក៏ទៅសុំសេចក្ដីសេ្នហាពីនាង លុះពេលនាងមិនព្រម បានចាប់អូសដៃចូលទៅក្នុងបន្ទប់ ហើយប្រើនូវអំពើហិង្សា ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាច​ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ផ្ទះលេខ៣៧អឺ០ហ្សិត ផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អ៊ឹម ស៊ីថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅទីតាំងខាងលើ។ រីឯស្រ្តីរងគ្រោះឈ្មោះ អ៊ុង សុភក្រ្ត អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង (រងរបួសភ្នែកទាំងសងខាង ជាំចង្កេះមួយចំហៀងខាងឆ្វេងធ្ងន់ធ្ងរ ស្នាក់នៅផ្ទះលេខ៣៥អឺហ្សិត ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ រីឯវត្ថុតាងដែលដកហូតបានពីជនដៃដល់ រួមមាន ទូរស័ព្ទដៃមួយគ្រឿង ម៉ាក HUAWEI ពណ៌ទឹកមាស (របស់ជនសង្ស័យ)។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងតាមសម្ដីរបស់ជនរងគ្រោះថា ​កាលពីពេលកន្លងមក ជនរងគ្រោះបានរាប់អានគ្នានឹងជនសង័្សយ ក្នុងនាមជាមិត្តភក្ដិធម្មតា តែជននេះបានជាប់ចិត្តដិតអារម្មណ៍ នឹងតាមស្រឡាញ់នាង។ លុះមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាននាំជនរងគ្រោះទៅលេងផ្ទះបងស្រីរបស់ខ្លួន នៅឯកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា បន្ទាប់ពីជិះរ៉ឺម៉កត្រឡប់មកផ្ទះវិញ ជនសង័្សយបានសុំស្រឡាញ់​ស្រ្ដីរងគ្រោះ ដោយសន្យាថា គេបាននាងធ្វើជាប្រពន្ធ។ ប៉ុន្តែនៅពេលនោះ ស្រ្តីរងគ្រោះបានឆ្លើយបដិសេធថា យើងរាប់អានគ្នាជាបងប្អូនទៅបានហើយ ស្រាប់តែជននេះបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទះកំផ្លៀងនាង៣ដៃ និងហោះរ៉ឺម៉កដឹកនាងទៅផ្ទះជួលរបស់ខ្លួន ហើយចាប់អូសដៃនាងចូលទៅបន្ទប់វាយដំ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់មក ស្ត្រីរងគ្រោះបានចុចទូរស័ព្ទហៅបងប្អូនរបស់នាងឲ្យ​មក​ដឹកបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ។ លុះមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ទើបស្រ្តីរងគ្រោះបានចេញពីមន្ទីរពេទ្យ ហើយបានដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ​នាំមកផ្ដន្ទាទោសតាមច្បាប់។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបន្តថា ក្រោយពេលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ រួចហើយនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕