ខេត្តស្វាយរៀង​: ជាង​ជួសជុល​រថយន្តបាន​ផឹកស្រាជួបជុំជាមួយនឹងមិត្តភក្ដិ លុះពេលឮគេបង្អាប់ថា ធ្វើ​រថយន្ត​មិនល្អ ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេេវក្រោធឡើង ​ស្ទុះ​ទាញ​​ខ្វាង​កាប់ទៅ​លើ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង។

មន្ត្រីនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដែលសមត្ថកិច្ចឃាត់ខ្លួន ​ឈ្មោះ ព្រំ សុផាត ហៅ ឌឿ ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់ ​សង្កាត់​ព្រៃ​ឆ្លាក់ ​ក្រុង​ស្វាយរៀង។ រីឯជនរងគ្រោះ ​ឈ្មោះ នឹម ជុន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​ហៅ​ម៉ូយ​ដាក់រថយន្តតាក់ស៊ី ​រងរបួសម្រាមដៃ កដៃ​ខាងឆ្វេង និង​ធ្លាយ​ពោះ​ផ្នែកពីចំហៀងខាងឆ្វេង ហើយគេមានលំនៅក្នុងមាន​លំនៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង​ ខេត្តស្វាយរៀងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនរងគ្រោះ និងជនបង្កបានព័ទ្ធវង់ផឹកស៊ីជាមួយនឹងអ្នកភូមិ ជល់កែវគ្នាលេងសើចយ៉ាងសប្បាយ។ លុះពេលពួកគេស្រវឹងរៀងៗខ្លួន​ហើយ ជនរងគ្រោះក៏បានបង្អាប់ឲ្យជនបង្កថា ឯងធ្វើរថយន្តមិនស្អាតសោះ។ ឮបែបនេះ ស្រាប់តែជនបង្កបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញខ្វាងច្រូតស្រូវបាន កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យធ្លាយពោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកជនរងគ្រោះត្រូវសាច់ញាតិ និងក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ៕