ភ្នំពេញ៖ បុរសម្នាក់ដោយសារធ្លាក់ខ្លួនក្នុងល្បែងគ្រឿងញៀនដល់កម្រិត បានវាយធ្វើបាបប្រពន្ធច្រើនលើកច្រើនសា អប់រំលែងស្ដាប់ ក៏ប្តឹងប៉ូលិសឲ្យចាប់ខ្លួនប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ច កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសញៀនថ្នាំ មានឈ្មោះ មួង សុផាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្រពន្ធឈ្មោះ ស្រី ម៉ៅ អាយុ២៨ឆ្នាំ មុខរបេ រត់តុកាហ្វេ ស្នាក់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមខៅ៣ ខណ្ឌពោធិ៍សែនជ័យ មានកូន៣នាក់ក្នុងបន្ទុក ។

តាមស្រ្តីជាប្រពន្ធបានឱ្យដឹងថា ការរស់នៅ ស្នាក់អាស្រ័យសព្វថ្ងៃ ដោយឡែកពីគ្នា ប្តីនៅឯ ស្ទឹងមានជ័យឯនោះ ចំណែកខ្លួនរួមជាមួយកូន៣នាក់ ស្នាក់នៅ សង្កាត់ចោមចៅ៣ ជាមួយមុខរបរ រត់តុកាហ្វេ យូរៗបានជួបគ្នាម្តង តែប្ដីជាមនុស្សញៀនថ្នាំ កាលបើមកសុំលុយមិនបាន គ្រប់ចំនួនត្រូវការ តែងតែរករឿង វាយបោចសក់ ជារឿយៗ ។ លុះមកដល់ល្ងាចថ្ងៃទី០៩ ខែសីហា ប្តីមករកសុំលុយ មិនខុសណាពីលើកមុនៗឡើយ គ្មានលុយឱ្យរករឿង វាយដំ ទើបទ្រាំលែងបាន ប្តឹងប៉ូលិសចាប់ឃាត់ខ្លួន ។

បុរសខាងលើ ត្រូវបាន សមត្ថកិច្ច អាជ្ញាធរ សង្កាត់ចោមចៅ៣ ឃាត់ខ្លួនប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៕