ចែករំលែក

ខេត្តសៀមរាប​៖ រថយន្ដដឹកស៊ីទែនសាំងមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុក​គោ​យ​ន្ដពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម ហើយប្រពន្ធរបស់គាត់រងរបួសធ្ងន់ កាល​ពីរសៀល ថ្ងៃទី៩​ ខែសីហា​ នៅលើផ្លូវជាតិលេខ៦​ ខាងកើតស្ពានបឹង​ក្រមោល​ ស្ថិតក្នុងភូមិបឹងក្រមោល​ ឃុំសង្វើយ ស្រុកជីក្រែង។

មន្រ្ដីនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តស៊ីទែនដឹកសាំងបង្កហេតុ ជារថយន្តរបស់ក្រុមហ៊ុន PTT ក្បាលសណ្តោងពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3E-0279 មិនស្គាល់អត្តសញ្ញាណរបស់អ្នកបើកបរ ពីព្រោះគេរត់គេចខ្លួនបាត់។ រីឯគោយន្តកែច្នៃ ពាក់​ស្លាក​លេខ ស្វាយរៀង 6A-1021 បើកបរដោយឈ្មោះ​ គាត គា ភេទប្រុស អាយុ៤០ឆ្នាំ​ (ស្លាប់) និងប្រពន្ធ ឈ្មោះ ហ៊ួន ធន់ អាយុ៤១ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធ រស់​នៅភូមិកកោះ​ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដបង្កខាងលើបើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយនឹងគោយន្ដកែច្នៃ​មួយគ្រឿងបើកដឹកស្រូវ។ លុះពេលគោយន្តបើកមកដល់ចំណុចកើត​ហេតុ ស្រាប់តែរថយន្តបានបោះពួយមកពីចម្ងាយ ជ្រុលទៅបុកគោយន្តពីក្រោយ ផ្លោងទៅក្នុងទឹិកប្រឡាយ នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសជាប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ រួចហើយធ្វើកំណត់ហេតុ​ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្ត និងគោយន្តត្រូវសមត្ថកិច្ចជំនាញវាស់វែង ហើយយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕