ភ្នំពេញ៖ បុរសម្នាក់ហេតុតែមុខរបរការងារដើម្បីជីវិតគ្រួសារ ខិតខំតស៊ូ ក្នុងរបរជំនួញជួញដូរ ដោយដឹកឥវ៉ាន់ពីប្រទេសថៃ មកកម្ពុជា រវល់តែឡើងចុះ ជាមួយមុខរបរ បែជានាងប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ផ្សេងទៀត យ៉ាងសោយសុខ ស្រណុកកាយសប្បាយចិត្ត អស់រយៈពេល៤ខែមកហើយ ហើយខាងប្តីតាមដាន រាល់សកម្មភាព ទង្វើផិតក្បត់របស់ប្រពន្ធ ដឹងរឿងទាំងប្រពន្ធលួចរៀបការ សែនព្រេន ដោយស្ងាត់ៗ ជាមួយប្រុសស្នេហ៍ ទ្រាំលែងបាននូវទង្វើបុកចាក់ដោតទម្លុះបេះដូងនេះ ទើបនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ប្តីតាមទាន់ ប្រុសស្នេហ៍កំពុងនៅក្នុងផ្ទះរបស់ខ្លួន លេខ៣៦សេ២០ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏ស្រែកឆោឡោ ប្រកែកសម្តីមួយប្រ៉ាវ ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍តែម្ដង ។

ភាគីខាងប្រពន្ធមានឈ្មោះ ប្រាក់ ឆវី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ និងកាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកភាគីខាងប្តី មានឈ្មោះ សៀ គឹមលី អាយុ ៣៧ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ តែក្នុងរយៈពេល៤ខែ ខណៈដែលមានបញ្ហាក្នុងគ្រួសារ ច្រើនតែស្នាក់នៅផ្ទះបង ផ្សេងទៀត ។ ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្រ្តីខាងលើ ឈ្មោះ ឯក ណាង អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកកំណើតជាមួយស្រីស្នេហ៍ ។

តាមភាគីខាងប្តីបានឱ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល ១០ឆ្នាំមកហើយ ប្រកបមុខរបរជាអាជីវករ ទាំង២នាក់ ហើយមានកូនស្រីម្នាក់ អាយុ ៧ឆ្នាំហើយ ជាចំណងដៃនៃគ្រួសារ ។ បុរសខាងលើបន្តទៀតថា ការរស់នៅក្នុងសង្គមគ្រួសារគ្រាដើម រាសីខ្ពស់ត្រដែត មុខរបរ រកស៊ីឡើងដូចកាំជណ្តើរ ដោយមហិច្ឆតា ក្រុងគ្រួសារ បង្កើតពង្រីកនូវមុខរបរ ប្តីបន្ថែមជំនួញជួញដូរ ដឹកឥវ៉ាន់ ពីប្រទេសថៃ មកកម្ពុជា អស់រយៈពេលជិត១ឆ្នាំ ។

ស្របពេលដែលប្តីមិននៅផ្ទះ ស្រាប់តែរយៈពេល៤ខែចុងក្រោយនេះ ពោលក្នុងអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែភាគីខាងប្រពន្ធ បញ្ចេញនូវ អាកប្បកិរិយាប្លែកៗ ចេះតែដុក ដាន់ រករឿងក្នុងគ្រួសារ ទើបកើតជាវិវាទ ទំនាស់ បាត់អស់រលីងសេចក្តីសុខ សុភមង្គលនៅក្នុងគ្រួសារ ។ សកម្មភាពប្លែកៗស្តែងចេញឡើង របស់ភាគីប្រពន្ធ ធ្វើឱ្យភាគីខាងប្តី កាន់តែងឿងឆ្ងល់ ទីបំផុត ក្រោយពីតាមដានដឹងថា ប្រពន្ធខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង ខណៈដែលខ្លួន និងប្រពន្ធនៅមិនទាន់លែងលះដាច់ស្រឡះ ហ៊ានហៅនាំបុរសរូបនោះ ចូលមកស្នាក់អាស្រ័យដល់ក្នុងផ្ទះទៀតគ្រាដែលប្តីមិននៅ ។

រហូតដល់វេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះគ្រួសារខាងលើផ្ទុះជម្លោះ បន្ទាប់ពីប្តីតាមទាន់ ឃើញជាក់នឹងភ្នែក ប្រុសស្នេហ៍ចូលមកដល់ក្នុងផ្ទះ ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ផ្អើលទាំងសមត្ថកិច្ចចុះទអន្តរាគមន៍ ។

តាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា មូលហេតុមកពីប្តីចុះចោលផ្ទះ៤ខែមកហើយ ទើបកើតរឿងនេះ ។ ជម្លោះប្តីប្រពន្ធចោទប្រកាន់គ្នាខាងលើ ត្រូវបានសមត្ថកិច្ចហៅនាំភាគីទាំង៣ ទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ៕