ភ្នំពេញ៖ បន្ទាប់​ពី គ.ជ.ប ខេត្ត​បាត់​ដំបងបានសម្រេច​ផាក​ពិន័យលើ​អតីតមន្រ្ដីបក្សប្រឆាំងចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​១០​លាន​រៀល ជាប់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតនោះមក ទើបនៅព្រឹក ថ្ងៃទី៨ ខែសីហានេះ គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប) បានលើកយកសំណុំរឿងនេះ មកបើកសវនាការ ថាតើលើក​លែង​ការ​ចោទ​ប្រកាន់ ឬ​មិន​លើកលែង។

នៅក្នុងសវនាការ​ជំនុំ​ជម្រះ​លើសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតនេះ បានបើកសវនការរយៈ​ពេល​ជិត​២​ម៉ោង ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោម​វត្តមាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​ដឹក​នាំ​ដោយ​លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មេធាវីចំនួន​៣​រូប​តំណា​ង​​ឲ្យពលរដ្ឋ៥នាក់​ដែល​រង​នូវបណ្ដឹង ​នៅ​ក្នុង​សំណុំ​រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត និង​ក្រុម​មេធាវី​ដើម​បណ្ដឹង ដែល​មាន​សមាសភាព​៤នាក់​​។

លោក សំ សុគង់ មេធាវី​តំណាង​ឲ្យ​ពលរដ្ឋ​ទាំង​៥នាក់ បាន​ចាត់​ទុក​សកម្មភាព​របស់​កូន​ក្ដី​ខ្លួន​ថា នេះជា​ទង្វើ​ជួប​ជុំហូប​នំ​បញ្ចុក​ធម្មតា​ នៅ​ក្នុង​រដូវ​ហែ​ទៀន​វស្សា គឺ​មិន​មែន​ជា​សកម្មភាពរារាំង​ពល​រដ្ឋ ​មិន​ឲ្យ​ប្រជាពលរដ្ឋទៅ​បោះ​ឆ្នោត តាមរយៈ​ម្រាម​ដៃ​ស្អាត​នោះ​ទេ។ ​

លោក សំ សុគង់ បានបន្តថា ថ្វីដ្បិត​តែ​ពលរដ្ឋ​ទាំង​៥នាក់នេះ ធ្លាប់​ជា​សកម្មជន ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ក៏​ពិត​មែន ប៉ុន្តែ​សកម្មភាព​លើក​ចង្អុល​ដៃ​ស្អាត​របស់​ពួក​គេ ធ្វើ​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា​ទេ​។ ​ម្យ៉ាង​បើ​ពិនិត្យ​ទៅ​លើធាតុ​ផ្សំ ​នៃ​បទល្មើស លោក សំ សុគង់ បានយល់ថា វា​មិន​ទាន់​ឈាន​ដល់​ការ​រារាំង ឬ​ញុះញង់​នោះ​ឡើយ។ ការរារាំង ឬ​ញុះ​ញង់ គឺ​លុះ​ត្រា​តែ​យក​អាវុធ​ទៅ​ភ្ជង់​ពលរដ្ឋ​ចំ​ថ្ងៃ​បោះឆ្នោត​។

ជាមួយគ្នានេះ លោក សំ សុគង់ បានទទូចសុំឲ្យប្រ​ធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និង​ជា​ប្រធាន​អង្គជំនុំ​ជម្រះ ទម្លាក់​ចោទនូវ​ប្រកាន់​ចំពោះ​ពលរដ្ឋ​ទាំង៥​នាក់ ដែល​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង បានសម្រេច​ផាក​ពិន័យ ក្នុង​ម្នាក់ៗ១០​លាន​រៀល។

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​នោះ ក៏មាន​ការ​ជជែក​វែក​ញែក​យ៉ាង​តឹង​សរសៃ​កដាក់គ្នា ​រវាង​ភាគី​ទាំងសង​ខាង ​គឺលោក ហង្ស មុន្នី មេធាវី​តំណាង​ឲ្យ​ដើម​ចោទ​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោលការ​លើក​ឡើង​របស់​លោក សំ សុគង់ ។

លោក ហង្ស មុន្នី បាន​អះអាង​ថា ការ​លើក​ម្រាម​ដៃ គឺជា​ផ្នែក​មួយ ​នៃយុទ្ធនាការ​ម្រាម​ដៃ​ស្អាត​បូក​នឹង​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ហើយ​ទង្វើ​នេះ​ គឺ​មិនមែន​ជា​សកម្មភាព​ធម្មតា​ឡើយ។ សកម្មភាព​របស់​អ្នក​ទាំង​៥នេះ គឺ​ពិត​ជា​មាន​អនុភាព​ដល់​ការ​សម្រេច​ចិត្តរបស់​ប្រជាពលរដ្ឋ។ ដូច្នេះ គ.ជ.ប ត្រូវ​តែរក្សា​ទុក​នូវសេចក្ដី​សម្រេច​របស់គ.ជ.ប ខេត្ត​បាត់​ដំបង​ ទុក​ជា​បាន​ការ​ដដែល។

សូមបញ្ជាក់ថា សេចក្ដី​សម្រេច​របស់​គ.ជ.ប ថ្នាក់​ខេត្ត​បាត់​ដំបង បាន​សម្រេច​ផាកពិន័យទៅ​លើ​បុគ្គល​ចំនួន៥​នាក់ ក្នុង​ម្នាក់ៗចំនួន​១០​លាន​រៀល ពី​បទ​ធ្វើ​ឲ្យ​ភ័ន្ត​ច្រឡំ នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត។ បុគ្គលទាំង៥​រូប​នោះ ​រួម​មាន ជា ជីវ ថោង សារឿន ម៉ាង ឈុន ពៅ តាំង និង គ្រុយ គឹមសាំង។ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​ផាក​ពិន័យ​ក្នុង​ម្នាក់​១០​លានរៀល​នេះ ត្រូវបានលោក សំ សុគង់ គូស​បញ្ជាក់ថា ពួក​គេ​គ្មាន​លទ្ធភាព ​នៅ​ក្នុង​ការបង់​ថ្លៃ​ផាក​ពិន័យ​នេះ​ឡើយ ពី​ព្រោះ​ពួក​គេ​ជា​ពលរដ្ឋ​ក្រីក្រ៕