ភ្នំពេញ៖ បន្ទាប់​ពី​លោក សុខ ទូច គំរាម​ចាប់​អ្នកដែល​ដឹក​នាំ​យុទ្ធនាការ​រក​ស្នាម​មេ​ដៃ ដើម្បី​ទាម​ទារ​កោះ​ត្រល់​មក​វិញនោះមក គណបក្ស​ខ្មែរ​ក្រោក​ នៅ​រសៀល​ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បាន​រៀប​ចំ​ពាក្យ​បណ្តឹង ប្តឹង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ទៅ​កាន់តុលាការ។

លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ប្រាប់អ្នកកាសែត ​នា​ថ្ងៃ​ទី​៧ ខែ​សីហា នេះថា គណបក្ស​របស់​លោក​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​រួច​រាល់​ហើយ ដើម្បី​ដាក់​ជូន​តុលាការ​ នា​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ​នេះ។ លោក សារពង្ស អះអាង​ថា​ គណបក្ស​របស់​លោក​នឹង​ប្តឹង​លោក​បណ្ឌិត សុខ ទូច ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង និង​ពី​បទ​ជ្រៀត​ជ្រែក ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។

លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានបញ្ជាក់​ថា ការ​ប្តឹង​នេះ គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​បណ្ឌិត សុខ ទូច បាន​ប្រើ​ងារ​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ​វាយ​តម្លៃពី​រឿង​នយោបាយ​ផ្តេស​ផ្តាស និង​វាយ​ប្រហារ​មក​លើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ ដើម្បី​តវ៉ា​យក​កោះ​ត្រល់​មក​វិញ។ លោក​បន្ថែម​ថា លោក សុខ ទូច ថែម​ទាំង​គំរាម​ចាប់​អ្នក​ធ្វើ​យុទ្ធនាការ​ដាក់​ពន្ធនាគារ​ ប្រសិន​បើ​លោក​ជា​អាជ្ញាធរ។

ដោយឡែក​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​លើក​ឡើង​ថា លោក​មិន​បាន​គំរាម​អ្នក​ណា​ទេ។ រីឯ​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក គឺ​ជា​សិទ្ធិ​របស់​គណបក្ស​នេះ ហើយ​លោក​រង់ចាំ​ដើរ​តាម​ក្រោយ។ បើយើងនិយាយជា​ការ​ពិតទៅ ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​គ្រាន់​តែ​ចង់​ល្បី​ប៉ុណ្ណោះ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​លក់​ដី​ឡូដ៍។

ទោះជាយ៉ាងណា គណបក្ស​ខ្មែរ​ក្រោក​របស់​លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស អះអាង​ថា ​គណបក្សរបស់លោកនឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ​ចំនួន៥​ម៉ឺន ក្នុង​បំណង​ទាម​ទារ​កោះ​ត្រល់​មក​វិញ។ យុទ្ធនាការ​របស់​គណបក្ស​លោក ​នឹង​ចាប់​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស។

យោងតាម​រយៈ​ទំព័រ​ហ្វេសប៊ុក​លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បាន​អះអាង​ថា ប្រសិន​បើ​យន្តការ​ថ្នាក់​ជាតិ ដែល​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​ត្រូវ​បាន​ដោះ​ស្រាយនោះ​ គណបក្ស​របស់​លោក​នឹង​បន្ត​ទៅ​យន្តការ​អន្តរជាតិ នៅ​តុលាការ​ក្រុង​ឡាអេ បន្ថែម​ទៀត។

ដោយឡែកលោក សុខ ទូច បានបញ្ជាក់ថា ការ​ប្តឹង​ទាមទារ​កោះ​ត្រង់​មក​វិញ​ មិន​អាច​ទៅ​រួច​នោះ​ទេ​ ព្រោះ​ករណី​កោះ​ត្រល់នេះ ​មិន​មែន​ជា​រឿង​គណបក្ស​ទេ គឺ​ជា​រឿង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ទៀតតែប៉ុណ្ណោះ៕