ចែករំលែក

បរទេស៖ ប្រមុខរាជរដ្ឋាភិបាលជប៉ុន និងប្រជាពលរដ្ឋជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ម្សិលមិញនេះ បានប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃថ្ងៃដែលរដ្ឋាភិបាលអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់ជនជាតិជប៉ុនប្រមាណ១៤០ ០០០នាក់ នៅថ្ងៃ​ទី៦ ខែសីហា ឆ្នាំ១៩៤៥ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២។

នៅក្នុងពិធីរំឭកខួបដ៏ជូរចត់ជាប្រវត្តិសាស្រ្ដ រវាងអាមេរិក និងជប៉ុន នោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ និងតំណាង មកពី៨៥ប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រទេសអឺរ៉ុប ក៏បានចូលរួមផងដែរ។ ជាមួយគ្នានេះដែរ អាមេរិកក៏បានបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅចូលរួម ហើយនេះជាលើកទី៣ ដែលសហរដ្ឋអាមេរិកបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួម។

អ្នកចូលរួមនៅក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធ នៅក្នុងរមណីយដ្ឋានសន្តិភាព នៅហុីរ៉ូស៊ី ម៉ា បានចំណាយពេលមួយនាទី ស្មឹងស្មាធិ៍ នៅវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ហើយពេលនេះ គឺជាពេលដែលគ្រាប់បែកបរមាណូ Little boy របស់អាមេរិកបានទម្លាក់ទៅលើទីក្រុងហីរ៉ូស៊ីម៉ា។

នៅក្នុងឱកាសនោះដែរ លោក Kazumi Matsui អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា បានអំពាវនាវដល់ពិភពលោក ត្រូុវគ្មានបរមាណូ តាមរយៈកិច្ចពិភាក្សា ហើយជំរុញឲ្យជប៉ុនចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយបរមាណូ ដែលអង្គការសហប្រជាជាតិបានអនុម័ត កាល​ពីខែកក្កដា ឆ្នាំ២០១៧។

លោក Kazumi Matsui បានបន្តថា ជប៉ុនចាំបាច់ត្រូវតែដឹកនាំពិភពលោកឲ្យពិភាក្សា និងសហការគ្នា ធ្វើឲ្យពិភពលោកទាំងមូលគ្មានអាវុធមហាប្រល័យលោក។ ចំពោះការប្រឈមមុខដាក់ដ៏តានតឹងគ្នា ពាក់ព័ន្ធនឹងអាវុធបរមាណូ ហើយបើយើងមិនបញ្ចប់នូវបរមាណូនោះទេ អនាគតរបស់មនុស្សជាតិនឹងជួបនុវរឿងអាក្រក់ជាងជប៉ុនរាប់សិបដងទៅទៀត ពីព្រោះគ្រាប់បែកបរមាណូ នាពេលបច្ចុប្បន្ន គឺមានកម្លាំងខ្លាំងជាងបរមាណូដែលទម្លាក់នៅជប៉ុនរាប់សិបដង។ ប្រសិនបើរងនូវការ​វាយប្រហារដោយគ្រាប់បែកបរមាណូនោះ វានឹងធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់ មិនមែនជាង១សែននាក់ដូចនៅជប៉ុននោះឡើយ។

បើយោងតាមបណ្ដាញទូរទស្សន៍ Channel News Asia បានផ្សាយកាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ថា ផ្ទៃមេឃពីលើស្តូបសន្តិភាព នៅក្នុងទីក្រុងហីុរូស៊ីម៉ា នាថ្ងៃចន្ទនេះ គឺមានភាពស្រឡះ ហាក់បីដូចគ្នាទៅនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ជាពេលដែលយន្ដ ហោះទម្លាក់គ្រាប់បែករបស់អាមេរិក B-29 មួយគ្រឿង បានទម្លាក់គ្រាប់បែកបរមាណូ​ទីមួយ នៅលើពិភពលោក មកលើទីក្រុងកំពង់ផែមួយនេះ ដោយផ្ដាច់ជីវិតប្រជាជនជប៉ុនចំនួនប្រហែល១៤០ ០០០នាក់។

នៅក្នុងទម្លាក់គ្រាប់បែកមហាប្រល័យលោកលើកទី១នេះ ប្រជាជាតិជប៉ុនបានទទួលនូវរងការឈឺចាប់យ៉ាងខ្លាំង ដោយសារតែការវាយប្រហារដោយអាវុធបរមាណូរបស់សហរដ្ឋអាមេរិកចំនួន២លើក នៅចុងបញ្ចប់ នៃសង្រ្គាមលោកលើកទី២។ លើកទីមួយ គឺនៅថ្ងៃទី៦ ខែសីហា ខែឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ មកលើក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសម្លាប់ប្រជាជនជប៉ុនជាង ១៤០០០០នាក់ ហើយបីថ្ងៃក្រោយមកទៀត សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទី២របស់ខ្លួនទៅលើទីក្រុងណាហ្កាសាគី (Nagasaki) ដោយបានផ្ដាច់ជីវិតមនុស្សប្រហែល៧៤០០០នាក់បន្ថែមទៀត ទើបជប៉ុនព្រមចុះចាញ់សង្រ្គាមលោកលើកទី២នោះ៕