ចែករំលែក

បរទេស៖ រថយន្តដឹកហ្គាសមួយគ្រឿងបានផ្ទុះឆាបឆេេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សប្រហែល​១០០នាក់ផ្សេងទៀតរងរបួស ហើយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៦ ខែសីហា នៅតាមផ្លូវហាយវេមួយខ្សែ ក្នុងទីក្រុងបូឡូញ៉ា (Bologna) ប្រទេសអ៊ីតាលី។

យោងតាមបណ្ដាញសារព័ត៌មាន ANSA បានឲ្យដឹងថា ការផ្ទុះដ៏ធំបណ្ដាលឲ្យ​មនុស្ស​២​នាក់ស្លាប់ និង​របួស​រាប់សិប​នាក់នេះ គឺកើតឡើង ដោយសារ​រថយន្ត​ដឹក​ហ្គាស​មួយ​បានផ្ទុះ។ បើតាម​រូបភាព​ពី​កន្លែងកើតហេតុ​ បានបង្ហាញ​អណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងទៅលើមេឃ លាយឡំនឹងផ្សែង​ពណ៌​ខ្មៅ ដែលគេ​អាច​មើលឃើញ​ពី​ចម្ងាយ​រាប់សិបគីឡូម៉ែត្រ​។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីកើតហេតុភ្លាម មានមនុស្សមួយចំនួនបានដាក់សង័្សយទៅលើអំពើភេរវកម្ម ប៉ុន្តែ​​ប៉ូលិស​មូលដ្ឋាន​បានចេញមុខមកបដិសេធ ដោយ​អះអាងថា​ នេះ​ជាការ​ផ្ទុះ​រថយន្ត​ដឹក​ហ្គាស​មួយ ​ក្រោយ​មានការ​​បះ​ទង្គិចគ្នា​។​ នៅក្នុងចំណោម​អ្នករងរបួសទាំងនោះ គឺ៧០​នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ត្រូវ​អំបែង​កញ្ចក់​បង្អួច​រប​ស់​អគារ​ក្បែរៗ​នោះ​ខ្ទាត​ត្រូវ​។ ដោយឡែកប្រជាពលរដ្ឋរស់នៅ​តំបន់​នោះក៏បាន​រាយការណ៍​មកថា ផ្ទះ​របស់ពួកគេបាន​រង្គើ​យ៉ាងខ្លាំង ខណៈ​រថយន្តដឹកហ្គាសនោះ​ផ្ទុះ​៕