ចែករំលែក

បរទេស៖ ការរញ្ជួយដីដ៏ធំមួយមានកម្រិត៦,៩រិកទ័រ នៅក្នងរមណីយដ្ឋានកោះបាលី និង Lombok ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៨២នាក់បានស្លាប់បាត់បងជីវិត។

យោងតាមបណ្ដាញទូរទស្សន៍ CNN បានដកស្រង់សម្តីលោក Muhammad Hadi ប្រធានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់កាកបាទក្រហម នៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅក្នុងការរញ្ជួយដីមានកម្រិតដ៏ធ្ងន់មួយនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ប្រហែល៨២នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ចំណែកអ្នករងរបួសទាំងនោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយផ្ទះរាប់ពាន់ខ្នង បានរងនូវការខូចខាត។

លោកប្រធានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានបន្តថា ការរញ្ជួយដីនេះមានជម្រៅ៣១គីឡូម៉ែត្រ នៅតំបន់ជិត Loloan នាភាគខាងជើង នៃកោះ Lombok ហើយកម្លាំងរញ្ជួយនេះបានធ្វើឲ្យកម្រើកញាប់ញ័រដល់កោះបាលី។ នេះជាការរញ្ជួយដីលើកទីពីរហើយ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ចំណែកកាលពីថ្ងៃទី២៩ ខែកក្កដា មានការរញ្ជួយដីកម្រិត៦,៤រិកទ័រ បានវាយប្រហារទៅលើតំបន់ខាងលើ បណ្ដាលឲ្យមនុស្សជាង១០នាក់ស្លាប់។

ក្រុមអ្នកឯកទេសត្រួតពិនិត្យពីការរញ្ជួយដី បានវាយតម្លៃថា ពេលដំបូងការរញ្ជួយត្រូវបានព្យាករថា មានកម្រិតដល់ទៅ៧រិកទ័រ ប៉ុន្តែក្រោយ​មកក៏បានទម្លាក់កម្រិតនៃការរញ្ជួយដីសល់តែ៦,៩រិកទ័រប៉ុណ្ណោះ។ បន្ទាប់ពីការរញ្ជួយដីកម្រិតខ្លាំង នៅមានការរញ្ជួយដី កម្រិត ៤,៣ និង៥,៤រិចទ័រជាបន្តបន្ទាប់។ ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិក៏បានប្រកាស់អាសន្ន ប៉ុន្តែក្រោយមកត្រូវបានលុបចោល។

លោក Michelle Lindsay អ្នកទេសចរណ៍ជនជាតិអូស្ត្រាលីនៅលើកោះបាលីបានឲ្យដឹងថា «អ្នកស្នាក់នៅក្នុងសណ្ឋាគារទាំងអស់ បានរត់ចេញទៅក្រៅ ហើយខ្ញុំក៏ដូច្នោះដែរ។ ស្របគ្នានោះ មន្ត្រីក្នុងតំបន់បានអំពាវនាវដល់ពលរដ្ឋកុំឲ្យមានភាពចលាចល»។ រីឯក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានចេញសេចក្តីប្រកាសថា គ្មានអ្នកទេសចរណ៍ ណាម្នាក់រងរបួស ឬស្លាប់នៅក្នុងការរញ្ជួយដីនោះឡើយ៕