ភ្នំពេញ៖ អ្នកឃើញហេតុការណ៏បានអះអាងថា លោក ញ៉ែម សុគន្ធ ជាតារាសម្តែង និង ជាពិធីករ បានបើករថយន្តក្នុងល្បឿនលឿន បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់ក្បាលនាគពុះចែកផ្លូវ៣កង់ និងរថយន្តខ្ទេចមួយកំណាត់មុខ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី យប់ថ្ងៃទី៥ ខែសីហា នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់បីដែលឈប់ចតនៅចំនុចនោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគឺគាត់ឃើញរថយន្តបង្កម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 បើកក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ។ លុះមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់បែកក្បាលនាគ ពុះចែកផ្លូវចំនួន៣កង់ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខទាំងស្រុងបើកទៅមុខ លែងរួច រីឯអ្នកបើកបរងរបួសស្រាល។

ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កដែលជាតារាសម្តែង និងជាពិធីករបានបើកទ្វាររថយន្តចេញមកក្រៅ បានហៅរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកដែលធ្វើដំណើរមកពីក្រោយរថយន្តលោកឱ្យ ឈប់ ហើយបានឡើងជិះរថយន្តនោះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង នឹងស្ទូចយករថយន្តបង្កទៅរក្សាទុកការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុង រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយសងសំណង នៃការធ្វើអោយខូចខាតនូវទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់ ៕