ភ្នំពេញ៖ គូស្នេហ៍វ័យចំណាស់មួយគូ បានឈ្លោះប្រកែកគ្នាតាមដងផ្លូវក្នុងស្ថានភាពស្រវឹងជោករៀងខ្លួន ឈានដល់ការវាយតប់គ្នា បណ្តាលឱ្យខាងស្រីដែលត្រូវជាប្រពន្ធទី២បែកក្បាលហូរឈាមរហូតសន្លប់ បង្កជាការភ្ញាក់ផ្អើលពេញដងផ្លូវ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៤០នាទីយប់ថ្ងៃទី៣០ ខែកក្កដា នៅតាមបណ្តោយផ្លូវ២១៧ ទល់មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

បុរសជាប្តីមានឈ្មោះ ប៉ែន វិរៈ អាយុ ៥៣ឆ្នាំ អតីតជាមន្ត្រីនគរបាល ចំណែកប្រពន្ធទី២មានឈ្មោះ នួន ហៅដួង អាយុ ៣៣ឆ្នាំ ស្នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពពីប្រជាពលរដ្ឋ ដែលរត់ម៉ូតូកង់បីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធខាងលើនេះ មិនដឹងមកពីណាទេបានឈប់ម៉ូតូ ហើយឈ្លោះប្រកែកគ្នា ខាងស្រី ទន់ទ្រេតទ្រោតស្រែកឡូឡាដាក់ខាងប្រុស ដែលទន់ទ្រាតទ្រោតដូចគ្នា ហើយខាងស្រីបានរត់ទៅវាយខាងប្រុស ធ្វើឱ្យខាងប្រុសច្រានចេញបណ្តាលឱ្យដួល ហើយខាងស្រីងើបរត់ទៅវាយខាងប្រុសទៀត ទើបទ្រាំមិនបាន ខាងប្រុសទះមួយដៃចំមួកការពារ បណ្តាលឱ្យដួលទៀត ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចូលជួយអន្តរាគមន៍ ។

ចំណែកបុរសជាប្តីបានប្រាប់ទាំងស្ថានស្រវឹងថា ខ្លួនជាបុរស មានគ្រួសារនិងមានកូនរួចហើយ តែស្ត្រីដែលឈ្លោះប្រកែកគ្នានេះ ជាប្រពន្ធទី២របស់គាត់ ហើយនាងជាស្ត្រីមេម៉ាយ មានកូន តែមិនបានបញ្ជាក់ថាមានកូនប៉ុន្មាននាក់ទេ ។

មុនកើតហេតុគឺគាត់បានហូបស្រា នៅម្តុំផ្សារ ឌុយម៉ិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ពេលស្រវឹង បានចេញពីទីនោះដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-7092 ជូននាងទៅផ្ទះនៅកន្ទួតសៀមរាប នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយគាត់ឃាត់ឱ្យស្នាក់នៅផ្ទះសំណាក់នៅភ្នំពេញមួយយប់សិនទៅ នាងមិនព្រមបានខឹងរករឿងគាត់នៅលើម៉ូតូរហូតទាល់តែគាត់ព្រមជូនទៅផ្ទះហើយ បែរជាប្រាប់ឱ្យជិះតាមផ្លូវចំការដូង តែគាត់ប្រាប់ថាជិះតាមផ្លូវជាតិលេខ៣វិញ ទៅបានឈប់ហូបអីនៅរោងលក់សាច់ក្រក់ តាមផ្លូវ នាងមិនព្រមរឹតតែខឹងគាត់ បានស្រែកឡូឡាវាយគាត់ពីក្រោយរហូត ហើយគាត់ក៏ព្រមជិះតាមផ្លូវ២១៧ឆ្លងកាត់ចំការដូង ។

ខណៈពេលធ្វើដំណើរមកដល់វត្តស្ទឹងមានជ័យ ស្រាប់តែនាងទាញគាត់រហូតបើកម៉ូតូលែងកើត ប៊ិះនឹងដួលទៀត គាត់ក៏ឈប់ ភ្លាមនោះនាងបានស្រែកជេរគាត់ទាំងស្ថានភាពស្រវឹងដូចគ្នា ថែមទាំងស្ទុះទៅវាយគាត់ ហើយក៏ប្រតាយប្រតប់គ្នា ក៏មិនដឹងខ្លួនថានាងត្រូវគាត់ច្រានដួល ឬក៏គាត់វាយដួលនោះទេ ទើបបណ្តាលឱ្យនាងបែកក្បាលហូរឈាមដួលសន្លប់បែបនេះ ហើយភ្លាមៗនោះ ក៏មានវត្តមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ចេញមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្រោយកើតហេតុ ស្ត្រីដែលសន្លប់ត្រូវបានសមត្ថកិច្ចដឹកតាមរ៉ឺម៉កកង់បី យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកបុរសជាប្តីត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគបាល ទើបប្រពន្ធដើម និងកូនៗទៅជួយដោះស្រាយផងដែរ តែដោយខាងភាគីរងគ្រោះជាប្រពន្ធទី២ស្រវឹងនិយាយស្តាប់គ្នាមិនបាន មិនអាចដោះស្រាយបានភ្លាមៗ រង់ចាំគាត់ស្វាង នឹងស្តាប់ការសម្រេចចិត្តរបស់ជនរងគ្រោះ ៕