ភ្នំពេញ៖ លោកត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចាត់ទុក​​ ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធទូរស័ព្ទចល័​តក្រោមមូលនិធិកា​តព្វកិច្ចសេវាសកលវិស័យ​ទូរគមនា​គមន៍​មាន​សារៈសំខាន់ក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។

លោក​ថ្លែងបែបនេះនៅក្នុងពិធីបើការដ្ឋានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USO) កាលពីថ្ងៃទី២១ កក្កដានៅខេត្តកំពង់ឆ្នំាង។
លោករដ្ឋមន្ត្រី លើកឡើងថា វិស័យទូរគមនាគមន៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការរស់នៅ និងការប្រកបមុខរបរទទួលទា​នរបស់ប្រជាពលរដ្ឋ​នៅគ្រប់ទីក​ន្លែង​នៃពិភពលោក។ សិទ្ធិនៃការទទួលបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ត្រូវបានចាត់ទុកជាសិទ្ធិមូលដ្ឋានមួយដែលមានចែងនៅក្នុងធម្មនុញ្ញនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ជាមួយគ្នា​នេះ នៅក្នុងសេចក្តីប្រកាស គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១១ បានទទូចឱ្យរដ្ឋដែលជាហត្ថលេខីធ្វើការយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលកាន់តែមានតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងព័ត៌មាន និងដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយគ្មានរើសអើង រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។

លោកគូសបញ្ជាក់ថា ៖«ក្នុងនាមជារដ្ឋសមាជិក រាជរដ្ឋាភិបាលកម្ពុជាបានបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម ដោយបានខិតខំស្វែងរកទុនវិនិយោគទាំងរដ្ឋនិងឯកជន សម្រាប់​ជំរុញ​ការកសាង និងបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងចល័ត និងអចល័ត។ ការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការធានា ឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាចាំបាច់ និងមានអត្ថន័យធំធេងណាស់សំដៅធានានូវបរិស្ថានដែលជាទំនុកចិត្តដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិ​នថ្មីៗបន្ថែមទៀត​ចូលរួម​នូវក្នុងការស្តារនិងអភិវឌ្ឍប្រទេសជាតិ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជាផ្លូវថ្នល់ ផ្លូវដែក ទឹក ភ្លើង ជាដើម»។

លោករដ្ឋមន្ត្រីបន្តថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមបញ្ចូលទាំងប្រព័ន្ធទូរស័ព្ទចល័ត ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ដោយនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ដូចប្រព័ន្ធ 3G និង 4G មិនចាញ់បណ្តាប្រទេសនៅក្នុងតំបន់ឡើយ ហើយអាចឱ្យប្រជាពលរដ្ឋយើងដែលមាន ទូរស័ព្ទចល័តវ័យឆ្លាត (Smart Phone) ដែលមានកម្មវិធី បណ្តាញសង្គមនានា ដូចជា Facebook និង កម្មវិធីមើលវីដេអូ ដូចជា YouTube បានយ៉ាងទូលំទូលាយ។ ជាងនេះទៅទៀត សេវាថ្មីៗជា​ច្រើនត្រូវបានជ្រាបចូលទៅក្នុងជីវភាពប្រចាំថ្ងៃ ទាំងការងាររដ្ឋបាល ការងារទំនាក់ទំនង ការប្រកបអាជីវកម្ម ការទូទាត់ប្រាក់ និងការផ្ទេរប្រាក់ជាដើម។ ប្រជាពលរដ្ឋមួយចំនួនបានពង្រីកមុខរបរតាមរយៈការលក់ដូរទំនិញ ឬសេវាកម្មតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិត ដែលនិន្នាការថ្មីមួយនេះត្រូវបានស្គាល់ជាទូទៅថា«ពាណិជ្ជកម្មអេឡិកត្រូនិក» (E-Commerce)។ ជាមួយគ្នានេះដែរ សេវាទាំងនេះក៏ផ្តល់ឱកាសដល់សិស្សនិងនិស្សិតអាចរៀនសូត្រពីចម្ងាយ (Distance Learning) និងការស្រាវជ្រាវស្វែងរកព័ត៌មាន និងឯកសារល្អៗជាជំនួយ​ស្មារតីដល់​ការសិក្សា​របស់ខ្លួន។

បើតាមលោក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រៅពីសម្រួលដល់ការទំនាក់ទំនងទាំងក្នុងការងារ និងក្នុងជីវភាពប្រចាំថ្ងៃ វិស័យទូរគមនា​គមន៍បានចូលរួមយ៉ាង​សកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ចទៀតផង។ ជាក់ស្តែងតាមការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក(World Bank) បានបង្ហាញឱ្យឃើញថា៖១- បើកំណើនចំនួនអ្ន​កប្រើ​ប្រាស់ទូរស័ព្ទលើតុ (ទូរស័ព្ទខ្សែ) ១០% ពោលគឺបានរួមចំណែកចាក់បញ្ចូលទៅក្នុង GDP ប្រមាណ ០,៥%,២-បើកំណើនចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត១០% គឺបានរួម​ចំណែ​កចាក់បញ្ចូលទៅក្នុង GDP ដល់ទៅ ០,៧%,៣- បើចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនកើនឡើង ១០% ពោលគឺបានរួមចំណែកចាក់បញ្ចូលទៅក្នុង GDP ប្រមាណ ១,៣៨ %៕