ខេត្តស្វាយរៀងៈ បុរសម្នាក់បានលង់នឹងសម្រស់របស់នារីក្រមុំម្នាក់ខ្លាំងពេក រហូតអត់ទ្រាំពុំបាន ក៏លបឡើងលើផ្ទះរបស់នាង ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែត្រូវនាងដឹកខ្លួនទាន់ស្រែកឆោឡោ ផ្អើលដល់សាច់ញាតិ និងអ្នកភូមិ នាំគ្នាព័ទ្ធចាប់បាន កាលពីម៉ោង​៨យប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសម្តីរបស់នារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានចេញពីធ្វើការងារ នៅក្នុងរោងចក្រ ហើយក៏ហូបាយទឹក រួចក៏ចូលដេកយ៉ាងលង់លក់ នៅក្នងុដំណេក។ លុះមដល់វេលាខាងលើ ស្រាប់តែឮសូរសំឡេងមនុស្សឡើងលើផ្ទះ និងទាញទ្វារបើក ហើយចូល​មក​បើកមុងរបស់នាង ទាំងមានធុំក្លិនបារីផង។ ឃើញបែបនេះ នាងបានស្ទុះក្រោកឡើង និងស្រែកឆោឡោហៅម្តាយរបស់នាងដែលសម្រាន្ដ នៅខាងក្រោមផ្ទះឲ្យជួយ។ ឮបែបនេះ ជនសង្ស័យបានភ័យយ៉ាងខ្លាំង ក៏រត់ចុះពីលើផ្ទះរបស់នាងទាំងប្រញាប់ប្រញាល់ ហើយ​លោតផ្លោះរបងទៅពួន ដេកនៅក្នុងផ្ទះរបស់គេធ្វើប្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។

នារីរងគ្រោះ​ បានបន្តថា បន្ទាប់ពីកើតហេតុភ្លាម ក្រុមគ្រួសារនាងបានចុចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ លុះបន្តិចក្រោយមក នគរបាលស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានចុះមកឃាត់ខ្លួនឈ្មោះ ទិត្យ ថែ តែម្ដង។

មន្ត្រីនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ទិត្យ ថែ អាយុ៣៥ឆ្នាំ មុខរបរមិនច្បាស់លាស់ រស់នៅផ្ទះក្បែរនារីរងគ្រោះ នៅក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯនារីរងគ្រោះ ឈ្មោះ ល ប អាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ។

មន្ត្រីនគរបាលស្រុកស្វាយទាប បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះនោះប្រាកដមែន។ ការដែលខ្លួនធ្វើបែបនេះ ដោយសារគេលួចស្រឡាញ់នាង តាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ សម្រាប់ចូលស្តីដណ្តឹងនាង យកមកធ្វើជាប្រពន្ធ ទើបដាច់ចិត្តធ្វើបែបនេះ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕