ខេត្តក្រចេះ៖ យុជនម្នាក់បានបើករថយន្តដឹកស្រីស្នេហ៍បោះពួយយ៉ាងលឿន ស្រាប់តែរថយន្តរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ បណ្តាល​ឱ្យ​ពួកគេទាំង២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ត្រង់ចន្លោះគីឡូម៉ែតលេខ៣១២-៣១៣ (ចំណុចផ្លូវកោងអង្គ្រង) ស្ថិតក្នុងភូមិអន្ទង់វៀង ឃុំកន្ទួត ស្រុកចិត្របុរី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្តឡិចស៊ីស RX-300 ពណ៌​ស១គ្រឿង បើកបោះពួយយ៉ាងលឿន តាមបណ្តាយផ្លូវជាតិលេខ៧។ លុះរថយន្តបើកមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាជួបនឹងឧបសគ្គអ្វី ស្រាប់តែរថយន្តរេចង្កូត ខុសផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យមនុស្សប្រុសស្រីទាំង២នាក់រងរបួសយ៉ាងធ្ងន់។ រីឯរថយន្តបានរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ហើយយករថយន្តទៅដោះស្រាយ តាមនីវិធី៕