បរទេស៖ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២០​ ខែកក្កដា នេះ បានសម្រេចកាត់ទោសលោកស្រី ប៉ាក ហ្គុនហេ អតីតប្រធានាធិបតី ឲ្យជាប់គុករយៈពេល៨ឆ្នាំបន្ថែម ពីបទរំលោភលើមូលនិធិរដ្ឋ និងរំលោភច្បាប់បោះឆ្នោត ធ្វើឲ្យលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបមានរយៈពេល៣០ឆ្នាំ។

កាលពីកន្លងទៅនេះ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង​បានកាត់ទោសលោកស្រីអតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងឲ្យចាប់​គុក​រយៈពេល២៤ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។ នៅព្រឹកនេះ តុលាការទីក្រុងសេអ៊ូលបានរកឃើញទោសកំហុសរបស់លោកស្រី ដែលបង្កការខាតបង់ដ៏ច្រើនដល់ថវិការដ្ឋ ដោយសារតែទទួលប្រាក់៣ពាន់លានវ៉ុន(២,៦លានដុល្លារ)ដោយខុសច្បាប់ពីមេៗសេវាស៊ើបការជាតិ នៅក្នុងអំឡុងលោកស្រីកាន់តំណែងប្រធានាធិបតី ហើយបានកាត់ទោសលោកស្រីឲ្យជាប់គុក៦ឆ្នាំ។

ទោះជាយ៉ាងណា លោកស្រីមិនត្រូវបានគេរកឃើញថា មានកំហុសចំពោះការស៊ីសំណូកទេ ពាក់ព័ន្ធនឹងការផ្ទេរលុយ ហើយតុលាការបាននិយាយថា វាមិនច្បាស់ ថាតើមេចារកម្មបានស្វះស្វែង ឬទទួលការគាំទ្រជាថ្នូរនឹងការផ្តល់លុយ។

តុលាការបានកាត់ទោសដាច់ដោយឡែក ដោយសម្រេចដាក់គុកលោកស្រី២ឆ្នាំ ចំពោះការរំលោភច្បាប់បោះឆ្នោត​ ដោយសារតែលោកស្រីជ្រៀតជ្រែក នៅក្នុងការតែងតាំងបេក្ខជនគណបក្សរបស់លោកស្រី នៅមុនការបោះឆ្នោតសភា នាឆ្នាំ២០១៦។ នៅក្នុងសវនាការ នាថ្ងៃសុក្រនេះ លោកប៉ាកមិនមានវត្តមាន នៅក្នុងតុលាការទេ។ លោកស្រីអាចជាប់គុកច្រើនជាង៣២ឆ្នាំ ដោយសារការកាត់ទោសដំបូង គឺលោកស្រីត្រូវជាប់គុក២៤ឆ្នាំ។ ដោយឡែករដ្ឋអាជ្ញាកូរ៉េខាងត្បូង បានទាមទារផ្លាស់ប្តូររយៈពេលជាប់គុក រហូតដល់៣០ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណា តុលាការកំពូលនឹងសំរេចករណីនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ថា ក្រោយមានការតវ៉ាប្រឆាំងពីប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់ ពួកសមាជិកសភាកូរ៉េខាងត្បូង នៅខែធ្នូ ឆ្នាំ២០១៦ បានចោទទោស ទម្លាក់តំណែងលោកស្រីប៉ាក។ លោកស្រីត្រូវបានបណ្តេញចេញពីតំណែង ដោយសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញនៅ​ខែមីនាឆ្នាំមុន និងក៏ត្រូវបានចាប់ខ្លួន នៅមួយសប្តាហ៍ក្រោយពេលចាកចេញពីតំណែង៕