​បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ AIRBUS កាលពីពេលថ្មីនេះ បានផលិតយន្តដឹកទំនិញរបស់ខ្លួន មានរូបរាងដូចជា​ត្រី​បា​ឡែ​នមួយ ម៉ាក Beluga XL ហើយយន្តហោះនេះ នឹងចាប់ផ្ដើមប្រតិបត្តិការហោះហើរផ្នែកពាណិជ្ជកម្ម នៅក្នុងអំឡុងពាក់កណ្ដាល ឆ្នាំ២០១៩ខាងមុខនេះ។

ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាញ នៅអឺរ៉ុបមួយនេះបានផលិត និងចាប់ផ្ដើមហោះហើរយន្តហោះ Beluga XL និងចុះចត នៅក្នុងអាកាសយានដ្ឋាន Toulouse-Blagnac កាលពី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ​។​ នៅក្នុងហោះហើរជាលើក​ដំបូងរបស់យន្តហោះមួយនេះ គឺមានមនុស្សប្រហែលជា១ម៉ឺននាក់បានចេញមកអបអរសាទរ ហើយមនុស្សទាំងនោះ ភាគច្រើនជាបុគ្គលិក​ និង​អ្នកម៉ៅការ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​នានា​នៅ​អឺរ៉ុប​។​

យន្តហោះ​ Beluga XL នេះមាន​បណ្តោយ​វែង​ជាង៦ម៉ែត្រ ​និង​ទទឹង​វែង​ជាង១ម៉ែត្រ ហើយផ្ទុកលើសទម្ងន់៦តោន ​បើធៀប​ទៅនឹង​យន្តហោះ​ស៊េរី​ចាស់ Beluga ST ហើយយន្តហោះថ្មីនេះ នឹងចូលមកជំនួសយន្តហោះ Beluga ST ។ ​ក្បាល​យន្តហោះ​នេះ​មើលទៅ​ គឺ​មានរាងស្រដៀង​នឹង​ត្រី​បា​ឡែ​ន​យក្ស​។ មុននឹង​ចេញ​ម៉ូត​បែបនេះ បុគ្គលិក​ក្រុមហ៊ុន Airbus ត្រូវបាន​ស្នើឱ្យ​បោះឆ្នោត​សម្រាប់ការ​ម៉ូត​នេះ​ផងដែរ ដោយមាន​សំឡេងឆ្នោត៤០ ភាគរយ​គាំទ្រ​ម៉ូត​មួយ​ហ្នឹង​៕