ភ្នំពេញ ៖ ពលរដ្ឋក្រីក្រចំនួន៦៩គ្រួសារ រស់នៅភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ចុះចែកដី និងចេញវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្ថុ រស់នៅលើដីស្របច្បាប់ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ។

លោក នូវ ម៉ានិត បានឲ្យដឹងថាការចុះចែកដីជូនប្រជាពលរដ្ឋភូមិខាងលើនេះជាលើទី០៣ហើយ លើកទី១ក្នុងអំឡុងដើមឆ្នាំ២០១៦ ដោយចែកជូនប្រជាពលរដ្ឋចំនួន៩៤គ្រួសារ លើកទី២ ក្នុងអំឡុងឆ្នាំ២០១៧ បានចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ និងលើចុងក្រោយ នៅព្រឹកនេះចែកបន្ថែមចំនួន៦៩គ្រួសារទៀត សរុបទាំងអស់ ២១៥គ្រួសារហើយ ។

លោក ម៉ូវ ម៉ានិត បានជម្រាបជូនពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូនការគ្រប់គ្រងលើដីរបស់ខ្លួន ។ ការផ្ដល់កម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដើម្បី ជំរុញ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ម្យ៉ាងវិញទៀតការផ្ដល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះ ក៏ជាការរួមចំណែកជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ដែលកន្លងមកបញ្ហានេះតែងតែកើតឡើងធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ច ៕