ខេត្តរតនគិរី៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនបាន២ខែ ខឹងប្ដីរត់ចោល ធ្វើឲ្យនាងកើតទុក្ខរីងរៃ រត់ទៅចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល​ឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងខ្ទមចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបកែវ។

មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពីន ណាត់ អាយុ២៥ឆ្នាំ ជនជាតិទំពួន មានប្តីឈ្មោះ ទីង ហុង មុខរបរកសិករ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមានកូនតូចម្នាក់ ទើបនឹងកើតបាន២ខែ ហើយសព្វថ្ងៃស្នាក់នៅក្នុងខ្ទមចាំចម្ការតូចមួយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានកើតមានទំនាស់​ពាក្យសម្តីនឹងប្តីបន្តិចបន្តួច ស្រាប់តែប្តីរបស់នាងមានការអន់ចិត្ត ចុះចោលនាង និងកូន ហើយគេបានទៅស្នាក់នៅផ្ទះឪពុកម្តាយបង្កើតរបស់គេ។ ក្រោយពេលចុះចោលនាង អស់​រយៈពេល៣ថ្ងៃមកហើយ ក៏មិនឃើញប្ដីត្រឡប់មកវិញ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចិត្តស្អិតទ្រូង ហើយក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត​ចោលកូនខ្ចីទើបនឹងអាយុ២ខែ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកប្រាកដប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕