រាជធានីភ្នំពេញ៖ មន្ត្រីកំពូលនៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា ប្រព័ន្ធផ្លូវដែកតែតភ្ជាប់ពីរាជធានី ទៅភាគខាងជើងរបស់ប្រទេស ត្រូវបានស្តារឡើងវិញ និងត្រូវបានតភ្ជាប់ទាំងស្រុងហើយ និងគ្រោងតភ្ជាប់ ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ បន្ទាប់ពីត្រូវបានបំផ្លាញទាំងស្រុងក្រោមរបប ខ្មែរក្រហមអាវខ្មៅ។

រដ្ខមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ កាលព្រឹក ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេពលដែល ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួង បានដឹកនាំប្រជាពលរដ្ឋមកពីស្រុកកោះធំប្រមាណ៦០០នាក់ ធ្វើដំណើរតាមរថភ្លើងពី ភ្នំពេញទៅខេត្តកំពង់ឆ្នាំង ដើម្បីឱ្យពួកគាត់បានស្វែងយល់ពីការរីកចម្រើន និងសមិទ្ធផលនានា ដែល សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់មុនចាប់ ផ្តើមចេញដំណើរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុង ពីភ្នំពេញទៅប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ, ដែលនឹងក្លាយជាផ្នែកមួយនៃ ផ្លូវដែកអាស៊ាន។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សន្តិភាពនិយម និងគោលនយោបាយឈ្នះៗ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យត្រូវបានអភិវឌ្ឍ និងធ្វើទំនើបកម្ម ជាបន្តបន្ទាប់ លើសពីនេះទៀត រាជរដ្ឋាភិបាលបាននឹងកំពុងទាក់ទាញវិនិយោគិនឱ្យវិនិយោគលើវិស័យផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅបាវិតផងដែរ៕