ភ្នំពេញ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ — វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិកនៅប្រទេសកម្ពុជា​ ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។ 

ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សំរាប់ការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។ 

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលនោះមួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួមផ្ដល់ផលប្រយោជន៍ដល់សង្គមតាមរយ:ការពង្រីកចំណេះដឹង ទៅលើផ្នែកគ្រឿងអេឡិចត្រូនិក។” 

លោកបានបន្តទៀតថា “យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥នេះ នឹងបន្តភាពជោគជ័យរបស់យើងក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៨០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិ និងអនាគតរបស់ខ្លួន។” 

ឯកឧត្តម បណ្ឌិត ប៊ុន ភារិន នាយកវិទ្យស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការចូលរួមរបស់វិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ ។

គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤  ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត 300 នាក់ ហើយដែល សិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា ។  

ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។​ គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលពិសេសនិងទំនើបជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់សាមសុងផងដែរ ។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន៨នាក់ នឹងទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលការងារពីបណ្ដាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់សាមសុងនៅកម្ពុជាផងដែរ៕