យោងតាមសារព័ត៌មានចិន ស៊ិនហួរ បានរាយការណ៍កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ម៉ាឡេស៊ី ដែកមានគោលដៅហោះចេញពីទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី ទៅកាន់រដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ បានសម្រេចចិត្តបកក្បាលយន្តហោះ ត្រលប់មកក្រោយវិញ ដោយសារតែជួបបញ្ហាបច្ចេកទេស ដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេថា ជាបញ្ហាអ្វីឲ្យពិតប្រាកដនោះ ។

ភ្លាមៗក្រោយពីកើតហេតុខាងលើ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ជើងហោះហើរលេខ MH134 របស់ខ្លួនដែលបានហោះហើរចេញពីអាកាសយានដ្ឋាន អន្តរជាតិ Brisbane កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ក្នុងគោលដៅឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរវិញ បានបកក្បាលត្រលប់ក្រោយ នៅលើអាកាសទៅកាន់ទីក្រុង Brisbane វិញ ។

ទោះជាយ៉ាងណាក្តី មូលហេតុពិតប្រាកដនៃរឿងរ៉ាវខាងលើនេះ ពុំត្រូវបានក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសម៉ាឡេស៊ី បញ្ជាក់លំអិតនៅឡើយនោះទេ គ្រាន់តែបានប្រាប់ថា វាជាបញ្ហាមួយកក្នុងផ្នែកបច្ចេកទេស ដែលបានកើតឡើងក្រោយពីការហោះឡើង ពីព្រលានយន្តហោះខាងលើនេះ ។ ដោយសារតែសុវត្ថិភាព និងអ្នកដំណើរ ព្រមទាំងអ្នកបម្រើការលើយន្តហោះ មានសារសំខាន់ជាងអ្វីៗទាំងអស់ ទើបក្រុមហ៊ុនអាកាសយានិក បានសម្រេចចិត្តវិលត្រលប់ក្រោយវិញ និងបានចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិ Brisbane ដោយសុវត្ថិភាព ហើយយន្តហោះខាងលើេនះ កំពុងត្រូវបានធ្វើការត្រួតពិនិត្យ ផ្នែកបច្ចេកទេស និងជួសជុលដោយវិស្វករជំនាញផងដែរ ៕