ខេត្តបាត់ដំបង៖ បុរសកំណាចម្នាក់បានប្រចណ្ឌប្រពន្ធរបស់ខ្លួនខុសទំនង រហូតលបចងអាឃាត ទាញកាំបិតកាប់នាង ប៉ងសម្លាប់ ហើយរត់គេចខ្លួនអស់​រយៈពេល១១ថ្ងៃ ហើយកោរសក់បម្រុង​បួស​ជាព្រះសង្ឃ តែអំពើអាក្រក់នោះបានហុចឲ្យយ៉ាងទាន់ហន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្រាវជាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង​១១ និង​២០នាទី​ព្រឹក ​​ថ្ងៃទី​​១៩ កក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តបួនជួរ ស្ថិតក្នុងភូមិ៤ជួរ ឃុំស្នឹង ស្រុកបាណន់។

មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនជាប់ចោទពាក់ព័ន្ធនឹងអំពើឃាតកម្ម ហើយត្រូវនគរបាល នៃ​ស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង ​កម្លាំង​​ព្រហ្មទណ្ឌ​ខ​ណ្ឌ​ពោធិ៍​សែន​​ជ័យ ​និង​​កម្លាំង​​នគរបាល​ នៃនាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់ក្រសួង​មហាផ្ទៃ​ សហការគ្នាស្រាវជ្រាវ​នោះ ​ឈ្មោះ ​ហ៊​ន រិ​ទ្ធី អាយុ​២៨​ឆ្នាំ មុខរបរជា​​ជាងសំណង់​ មានស្រុក​កំណើត​​​​នៅ​​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់ ស្រុក​ថ្ព​ង ខេត្តកំពង់ស្ពឺ​។ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ ​ឈ្មោះ ​ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ​ ​មុខរបរជា​កម្មការិនី​រោងចក្រ​។ ជនរងគ្រោះ​បាន​រង​របួស​ក្បាល និង​កញ្ចឹងក​ស្ទើរ​ដាច់​ជា​ច់ ដោយសារ​​ប្ដី​កំណាច​នេះ​ប៉ងកាប់​សម្លាប់​ កាលពី​ថ្ងៃទី​៨ ខែកក្កដា នៅក្នុង​​បន្ទប់​ជួល​លេខ​៦ ស្ថិត​​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មន្ត្រីនគរបាលដដែល បានបន្តថា បើតាមរបាយការណ៍ស៊ើបអង្កេត ដែលសមត្ថកិច្ចទទួលបាន គឺជនសង្ស័យតែងតែប្រចណ្ឌប្រពន្ធរបស់ខ្លួននឹងអ្នកផ្សេង ហើយគេបានចោទស្រ្ដីរងគ្រោះជាប្រពន្ធថា បានផិតក្បត់ចិត្តរបស់គេ​ លួចមានប្រុសថ្មី។ ដោយសារតែភ្លើងនេះហើយ ទើប​ជនសង្ស័យបានលបកាប់ប្រពន្ធរបស់ខ្លួន កាលពី​ថ្ងៃទី​៨ ខែកក្កដា នៅក្នុង​​បន្ទប់​ជួល​លេខ​៦ ស្ថិត​​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេល​កាប់ប្រហារ​ប្រពន្ធរួចហើយ​ ​ជន​នេះ​​បានរ​ត់មក​សំងំ​លាក់ខ្លួន នៅ​​ក្នុងទឹកដី​ខេត្តបាត់ដំបង​ ​អស់​រយៈពេល​១១​ថ្ងៃ តែត្រូវកម្លាំង​តាមស្រាវជ្រាវ ​រហូតក្របួចកបាន។​ ​បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​បានធ្វើកំណត់ហេតុ ប្រគល់ខ្លួនជន​សង្ស័យជូនទៅនគរបាល​​រាជធានីភ្នំពេញ នាំទៅចាត់ការតាមផ្លូវច្បាប់៕