ម្សិលមិញនេះ មានការចែករំលែកយ៉ាងច្រើនទាក់ទងនឹងការបង្ហោះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក របស់បុគ្គលម្នាក់ ដែលមិនពេញចិត្តចំពោះការសរសេររបស់បុគ្គលិកកាហ្វេ Amazon ខេត្តសៀមរាប ព្រមទាំងសូមណូមពរឱ្យម្ចាស់ហាង ចាត់វិធានការលើបុគ្គលិករូបនោះ បើពុំដូច្នោះទេ ពួកគេ (សុំមិនបញ្ចេញ) ដែលមានគ្នាប៉ុន្មានម៉ឺន ប៉ុន្មានលាននាក់ នឹងឈប់បន្តផឹកកហ្វេ Amazon ព្រមទាំងឈប់បន្តចាក់សាំងនៅការ៉ាស់ PTT ទៀតហើយ ។

ជាមួយគ្នានេះដែរ សម្រាប់ការបង្ហោះខាងលើ បានធ្វើឱ្យមហាជនជាច្រើនអស់សំណើច ព្រមទាំងរិះគន់យ៉ាងខ្លាំង ហើយរហូតមកទល់ពេលនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Chiro Mango ដែលជាម្ចាស់ទីតាំងកាហ្វេ Amazon នៅផ្សារចាស់ ខេត្តសៀមរាប បានឆ្លើយតបទៅនឹងសុំណូមពរខាងលើយ៉ាងដូច្នេះថា «ខ្ញុំជាម្ចាស់ហាង Cafe Amazon psa Chas Siem Reap សូមជំរាបដល់បងប្អូនកូនខ្មែរទាំងអស់អោយបានជ្រាបថា បុគ្គលម្នាក់ដែលនៅក្នុងរូបកំពុងផុសនិងមិនមែនជាបុគ្គលិកខ្ញុំដែលធ្វេីការងារនៅAmazon Psa Chas Siem Reapទេ តែបេីទោះបីជាបុគ្គលិកម្នាក់នេះជាបុគ្គលិករបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនបញ្ឈប់ការងាររបស់គាត់ដែរ ព្រោះវាជារឿងបុគ្គលមិនមែនមានកំហុសទៅលេីភ្ញៀវដែលមកញុំកាហ្វេនោះទេ ហេីយសុំទោសពុកម៉ែបងប្អូនដែលឆាតមកក្នុងpageខ្ញុំជាច្រេីនសំណូមពរខ្ញុំកុំអោយបញ្ឈប់បុគ្គលិកម្នាក់នេះតែខ្ញុំមិនមានពេលឆ្លេីយតបព្រោះមានអ្នកchatច្រេីនពេក សូមអភ័យទោសនិងសូមអរគុណ❤️ #សូមជួយ Shares ម្នាក់មួយដេីម្បីឆ្លេីយតបទៅពួកគាត់(LDP)អោយបានដឹងផង» ៕