នៅវេលាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសន្និសិទកាសែត បកស្រាយបំភ្លឺអំពីការចាប់ខ្លួនអតីត មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ លោក សន សំនៀង និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យលរាជលោកកីយ៍ ។

នៅក្នុងសន្និសិទកាសែតនោះ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សន សំនៀង មានបទល្មើសចំនូួន ៦ ដែលត្រូវបានក្រុមព្រឹក្សាពិន័យលុបឈ្មោះ ព្រមទាំងបណ្ដេញចេញពីការងារ ហើយសម្រាប់ការចាប់ខ្លួនលើកនេះ គឺដោយសារឈ្មោះ សន សំនៀង បង្ហោះវីដេអូនិយាយបំផ្លើសពីការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ទាក់ទងនឹងគ្រឿងញៀនចំនួន ១៧២គីឡូក្រាម តែតាមពិតគឺជាកញ្ឆាក្រៀមប៉ុណ្ណោះ ៕