ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីមានសតិមិនប្រក្រតី នៅក្នុងផ្ទះតែម្នាក់ឯង ចូលទៅចាប់រំលោភសេពសន្ថវៈ រហូតសម្រេច តែម្ដាយរបស់នាងមកទាន់ក្របួចកជាប់ កាលពីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើេតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ ម្ដាយរបស់ជនរងគ្រោះបានទុកកូនស្រី(ក្មេងស្រីរងគ្រោះ)របស់គាត់ឲ្យនៅផ្ទះតែម្នាក់ឯង ហើយដើរទៅទិញសាប៊ូ នៅផ្ទះក្នុង​តៀម​របស់ឈ្មោះ រ៉ាន់ ភេទស្រី រស់នៅក្នុងភូមិជាមួយគ្នា។ ស្របពេលឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះចេញពីផ្ទះបាត់អស់ ស្រាប់តែជនសង្ស័យចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយចាប់នាងរំលោភសេពសន្ថវៈ រហូតបានសម្រេច។ លុះមួយសន្ទុះក្រោយមក ម្ដាយរបស់នាងត្រឡប់មកវិញ ក៏ប្រទះឃើញកូនស្រីរបស់ខ្លួន និងជនសង្ស័យដើរចេញពីបន្ទប់ ដែលមើលទៅគួរឲ្យសង្ស័យ។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយសារមានការសង្ស័យ ម្ដាយរបស់ក្មេងស្រីរងគ្រោះបានជជីកសួរទៅជនសង្ស័យចុះឡើង រហូតធ្វើឲ្យគេភ័យ ហើយឆ្លើយសារថា រូបគេមិនបានធ្វើអ្វីឲ្យស៊ីជម្រៅទេ គ្រាន់តែបានញ៉ុល់ៗបន្ដិចប៉ុណ្ណោះ គឺមិនទាន់ចូលឡើយ។ ដោយផ្អែក​លើចម្លើយសារភាពខាងលើនេះ ម្ដាយរបស់ក្មេងស្រីរងគ្រោះបានឃាត់ជនសង្ស័យទុក រង់ចាំប្តីរបស់គាត់ត្រឡប់មកវិញ និងប្តឹងទៅសមត្ថ​កិច្ច។ លុះមកដល់វេលាម៉ោងប្រហែលជា៥ល្ងាច ថ្ងៃទី១៦ ខែកក្កដាដដែលនោះ ប្តីចុងរបស់ម្ដាយក្មេងស្រីរងគ្រោះបានត្រឡប់មកដល់ផ្ទះ ហើយនាំជនសង្ស័យទៅប្រគល់សមត្ថកិច្ច នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជនមានសតិមិនប្រក្រតី ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ជន ខួច អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ វ ល អាយុ១៥ឆ្នាំ (មានសតិមិនប្រក្រតី) ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានលំនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ក្រោយពេលឃាត់ខ្លួន និងសាកសួរជាជំហារដំបូង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត រួចហើយ សមត្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿង​ បញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕