ចែករំលែក

អ៊ីស្លាម៉ាបាដ ៖ យោងតាមការឲ្យដឹង ពីសារព័ត៌មានស៊ិនហួរ កាលពីថ្ងៃទី១៤ កក្កដានេះថា មនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតដែលបានកើតឡើងនៅក្នុង ពិធីជួបជុំគ្នាយ៉ាងធំសម្បើមមួយ នៃក្រុមអ្នកគាំទ្រគណបក្សនយោបាយមួយ ក្នុងក្រុង Mastung នៃខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់១២៨នាក់ហើយ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ។

គោលដៅនៃការវាយប្រហារ គ្រាប់បែកអត្តឃាតខាងលើនេះ គឺសំដៅចំពោះអ្នកនរយោបាយ ឈ្មោះ Nawabzaba Siraj Raisani ហើយភ្លាមៗក្រោយការវាយ​ប្រហារលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃក្រុង Quetta ប៉ុន្តែបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ​សម្រាប់​អ្នក​របួស​ជាង​១០០នាក់ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៃក្រុង Mastung និង Quetta ផងដែរ។

ទន្ទឹមនេះដែរ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការវាយប្រហារខាងលើ ជាទង្វើរបស់ខ្លួន ខណៈការកាន់ទុក្ខរយៈពេលពីរថ្ងៃ​​នឹងត្រូវធ្វើឡើងសម្រាប់ជនរងគ្រោះ ក្នុងសោកនាដកម្មដ៏អាក្រក់នេះ។

គួរជម្រាបថា ការវាយប្រហារនាថ្ងៃសុក្រសប្តាហ៍នេះ គឺករណីទីបីនិងអាក្រក់ជាងគេបំផុត នៅចំពោះមុខការវាយប្រហារភេរវកម្មជា​បន្តបន្ទាប់ ដែលមានគោលដៅលើអ្នកនយោបាយ ដែលមានភាពមមាញឹករៀបចំ​កិច្ចប្រជុំនិងការជួបជុំជាមួយអ្នកគាំទ្រ នៅមុនការ​បោះ​ឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដានេះ។ ក្នុងរយៈពេលត្រឹម០៤ថ្ងៃប៉ុណ្ណោះ ការវាយប្រហារ​ដោយក្រុម​ភេរវករ បាន​បន្សល់ទុក​មនុស្សសរុបប្រមាណ១៥០នាក់ស្លាប់ និងជាង២០០នាក់រងរបួស៕